วันศุกร์ที่ 8 มกราคม พ.ศ. 2559

11 អនុត្ត​រិយ​សុត្ត

អនុត្ត​រិយ​សុត្ត


 បានអាន 212 ដង


ពណ៌នា​ប្រារព្ធ
អនុត្ត​រិយ​សុត្ត នេះ ជា​ពុទ្ធ​ដីកា អញ​ខ្ញុំ​បាន​ឃើញ​បែប​បុរាណ​បណ្ឌិត​លោក​ប្រែ​មក​អំពី​មគធ​ភសា ប្រែ​ជា​ប្រយោគ​មាន​បាលី​ផង សម្រាយ​ផង​ចម្រុះ​គ្នា ដែល​លោក​តែង​មក​ដូច្នេះ​នោះ ក៏​ជា​ការ​ប្រពៃ ដើម្បី​ឲ្យ​អ្នក​បរិយ​ត្តិ​ស្គាល់​ប្រយោគ តែ​អញ​ខ្ញុំ​យល់​ឃើញ​ថា​ដែល​បុរាណាចារ្យ​លោក​តែង​មក​នោះ ចំពោះ​ដល់​តែ​អ្នក​រៀន​ឲ្យ​យល់​សព្ទ មិន​ជា​ទី​សណ្ដាប់​ដល់​អ្នក​ដែល​មិន​រៀន​ព្រះ​ត្រៃ​បិដក ហេតុ​នេះ​ទើប​អញ​ខ្ញុំ​យក​មក​រៀបរៀង​ទៀត​ជា​សម្រាយ​ស្មោះ ដើម្បី​ឲ្យ​អស់​សាធុ​ជនបុរស-ស្ត្រី​ដែល​មិន​ស្ទាត់​បាលី មើល​យក​សេចក្ដី​បាន​ដោយ​ងាយ ទើប​បញ្ជូន​រឿង​នេះ​មក​ទុក​ជា​សម្បត្តិ​ក្នុង​ព្រះ​រាជ​បណ្ណាល័យ ជា​ទី​ទស្សនា​ការ​បណ្ដា​ជនានុ​ជន ដែល​មក​ប្រជុំ​សន្និបាត​មើល​រឿង​ផ្សេង ៗ ដើម្បី​បម្រុង​សតិ​បញ្ញា​ឲ្យ​ជ្រះ​ថ្លា ក្នុង​ព្រះ​បវរ​ពុទ្ធ​សាសនា តទៅ ។
សទ្វារ​សោនា​មុបា​សកោ

អនុត្ត​រិយ​សុត្ត
អង្គុត្តរ​និកាយ ឆក្ក​និបាត
នមោ​តស្ស​ភគវតោ អរហ​តោ សម្មា​សម្ពុទ្ធ​ស្ស
អញ​ខ្ញុំ​សូម​នមស្សការ សម្ដេច​ព្រះ​ដ៏​ទ្រង់​ព្រះ​ភាគ​ដែល​ទ្រង់​ឆ្ងាយ​ចាក​កិលេស​ហើយ ត្រាស់​ជ្រាប​នូវ​ញេយ្យ​ធម៌​ទាំង​ពួង​ដោយ​ព្រះ​អង្គ​ឯង ។
សូម​សម្ដែង អនុត្ត​រិយ​សុត្ត សឹង​មាន​វារ​ព្រះ​បាលី​ថា ឯវម្មេ សុត្តំ ឯកំ សមយំ ភគវា ជាដើម អត្ថា​ធិប្បាយ​ប្រែ​ស្រាយ​ជា​សេចក្ដី​ថា មាន​កាល​សម័យ​ថ្ងៃ ១ សម្ដេច​ព្រះ​បរម​លោក​នាថ​សាស្តា​ចារ្យ​ទ្រង់​គង់​សម្រាន្ត​ឥរិយា​បថ ក្នុង​ព្រះ​ជេត​វន​ដ៏​ជា​អារាម អនាថ​បណ្ឌិត​គហបតី​សាង​ថ្វាយ​ទៀប​ព្រះ​នគរ​សាវត្ថី សម័យ​នោះ​សម្ដេច​ព្រះ​បរម​ជិន​ស្រី​ទ្រង់​មាន​ព្រះ​ពុទ្ធ​តម្រាស់​ប្រារព្ធ​នឹង​ភិក្ខុ​ទាំងឡាយ​ថា ភិក្ខវេ ម្នាល​ភិក្ខុ​ទាំងឡាយ កិច្ច​គឺ អនុត្តរិយ មាន ៦ ប្រការ​ដែល​គ្មាន​កិច្ច​ដទៃ​ប្រពៃ​លើស​ជា​កិច្ច​អ្វី​ខ្លះ​នោះ​ទេ ៖
១- កិច្ច​មើល​ឃើញ​អ្វី ដែល​ជា​ប្រពៃ​ក្រៃលែង មើល​វត្ថុ​ផង​ទាំង​ពួង
២- ស្ដាប់​អ្វី​ដែល​ជា​ប្រពៃ​ក្រៃលែង សំឡេង​ផង​ទាំង​ពួង
៣- បាន​របស់​ដែល​ជា​ប្រពៃ​ក្រៃលែង បាន​វត្ថុ​ផង​ទាំង​ពួង
៤-សិក្សា​អ្វី ដែល​ជា​ប្រពៃ​ក្រៃលែង ផ្លូវ​សិក្សា​ទាំង​ពួង
៥- បម្រើ​អ្វី​ដែល​ជា​ប្រពៃ​ក្រៃលែង ឬ​បុគ្គល​ផង​ទាំង​ពួង
៦- សេចក្ដី​រឭក​នឹក​ដល់​អ្វី​ដែល​ជា​ប្រពៃ​ក្រៃលែង រឭក​ដល់​វត្ថុ​ទាំង​ពួង
កាល​សម្ដេច​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​មាន​ព្រះ​តម្រាស់ ដោយ​ឧទ្ទេស​ដូច្នេះ​ហើយ ទើប​ទ្រង់​សម្ដែង​ឲ្យ​ច្បាស់​ត្រចះ​ភ្លឺ វិសជ្ជនា ជា​វិត្ថារ ពិស្ដារ​ថា​ដូច្នេះ ៖
ភិក្ខវេ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ឯ​ណា​ក្នុង​លោក​នេះ បាន​ទស្សនា​មើល​ឃើញ​វត្ថុ​ទាំង​ពួង គឺ​ដំរី​កែវ សេះ​កែវ ដួង​កែវ​មណី នូវ​វត្ថុ​ដ៏​ឧត្ដម​វិសេស​ខ្ពស់ ដែល​ជា​ចម្លែក ប្លែក​ភ្នែក គួរ​ត្រេក​ត្រអាល​ក្ដី ឬ​មើល​ឃើញ​សមណ​ព្រាហ្មណ៍ ដែល​ប្រព្រឹត្តិ​ប្រតិបត្តិ​ខុស​ក្ដី ឬ ល្បែង​ទាំង​ពួង​ក្ដី សូម្បី​បុគ្គល​បាន​មើល​ឃើញ​ទាំង​លំបាក​នេះ ហើយ​មានសោមនស្ស​មនោរម្យ រីក​រាយ​សប្បាយ​ចិត្ត​ដែល​បាន​មើល​ឃើញ​ដូច្នេះ តថាគត​មិន​ទុក​ថា​បាន​មើល​ឃើញ​ដោយ​ប្រពៃ ចាត់​ទុក​ថា​បាន​មើល​ឃើញ​ដោយ​ទន់​ទាប ជា​របស់​អ្នក​ស្រុក​បុថុជ្ជន ញ៉ាំង​កិលេស​ឲ្យ​ក្រាស់ មិន​ជា​របស់​អរិយ មិន​ជា​កិច្ច​ប្រកប​នូវ​ប្រយោជន៍ មិន​ប្រព្រឹត្ត​ទៅ​នូវ​សេចក្ដី​រលត់​នូវ​សេចក្ដី​រលត់​នូវ​កិលេស​មាន​រាគ​ជាដើម មិន​ជា​ទី​ត្រាស់​ដឹង មិន​ជា​ទី​រលត់ ឲ្យ​ប្រាស​ចាក​កង​ទុក្ខ នូវ​ព្រះ​និព្វាន ។
បើ​បុគ្គល​ឯ​ណា​មាន​ចិត្ត​ចង់​មើល​ចង់​ឃើញ ដោយ​សេចក្ដី​ជ្រះ​ថ្លា​សេ្នហា​និង​តថាគត​នូវ​សាវក​តថាគត បុគ្គល​នោះ​ឈ្មោះ​ហៅថា​មាន​កិច្ច​បាន​ឃើញ​ដោយ​ប្រពៃ ព្រោះ​ហេតុ​ដែល​ជ្រះ​ថ្លា​ជឿ​ជាក់​ក្នុង​គុណ​ព្រះ​ពុទ្ធ នូវ​គុណ​ព្រះ​អរិយ​សាវក នោះ​នឹង​នាំ​ឲ្យ​មាន​សទ្ធា​ពុះ​ពារ​កាប់​កាត់ នូវ​កង​កិលេស​ប្រាស​ចាក​សន្ដាន មិន​បាន​សោយ​សោក​ទុក្ខ​ទោមនស្ស និង​បាន​ដល់​នូវ​អរិយ​មគ្គ នូវ​ព្រះ​និព្វាន​ជាទី​បរម​សុខ​សូន្យ​ចាក​ទុក្ខ តថាគត​ចាត់​ទុក​ជា​កិច្ច​បាន​ឃើញ​ដោយ​ប្រពៃ គ្មាន​អ្វី​ប្រសើរ​លើស​ឈ្មោះ​ហៅថា ទស្សនា នុត្តរិយ ជា​កិច្ច​ទី ១ ។
ភិក្ខវេ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ឯ​ណា​ក្នុង​លោក​នេះ​បាន​សវនាការ​ស្ដាប់​សព្ទ​សំឡេង​ផង​ទាំង​ពួង​មាន សំឡេង​ច្រៀង​នូវ​តូរ្យតន្ត្រី​ជាដើម ទោះ​បី​បុគ្គល​នោះ​ស្ដាប់​សព្ទ​សំឡេង​យ៉ាង​ឯក​ពីរោះ​ចម្លែក​ប្លែក ត្រចៀក​ក្ដី ឬ ស្ដាប់​ពាក្យ​សមណ​ព្រាហ្ម​ឯ​ណា​ដែល​បដិបត្តិ​ខុស​ពុំ​ត្រឹម​ត្រូវ​ក្ដី សូម្បី​បុគ្គល​នោះ​បាន​ស្ដាប់​សព្ទ​សម្លេង​ទាំង​អម្បាល​នេះ ត្រេក​ត្រអាល សោមនស្ស​ស្រស់​រីករាយ​សប្បាយ​ជា​បំផុត តថាគត​មិន​ចាត់​ថា​ជា​ប្រពៃ ចាត់​ទុក​ជា​សេចក្ដី​បាន​ស្ដាប់​ដោយ​ទន់​ទាប ជា​របស់​អ្នក​ស្រុក​បុថុជ្ជន​ដ៏​ក្រាស់​ទៅ​ដោយ​កិលេស មិន​ជា​របស់​ព្រះ​អរិយ មិន​ជា​កិច្ច​ដ៏​ប្រកប​ដោយ​ប្រយោជន៍ មិន​ជា​ទី​ប្រព្រឹត្ត​ទៅ​ឲ្យ​នឿយ​ណាយ កាត់​កម្ចាយ​កង​កិលេស បាន​ដល់​នូវ​ព្រះ​និព្វាន​ជាទី​បរម​សុខ​ដ៏​ប្រសើរ ។
តែ​ថា​បើ​បុគ្គល​ឯ​ណា​មាន​ចិត្ត​ជ្រះ​ថ្លា​ប្រុង​ផ្ចង់​តម្រង់​ចិត្ត​ស្ដាប់​របស់​ព្រះ​សទ្ធម្ម​គឺ​ព្រះ​ពុទ្ធ​វចនៈ​នូវ​សាវក​សុភាសិត ជា​ពាក្យ​សិស្ស​ព្រះ​សម្មា​សម្ពុទ្ធ តថាគត​ចាត់​ទុក​ថា​ជា​កិច្ច ដែល​ស្ដាប់​ដោយ​ប្រពៃ ដ្បិត​បុគ្គល​ដែល​មាន​សេចក្ដី​ចង់​ស្ដាប់​ចាប់​ចិត្ត​ចាំ​ចង​ត្រង​រស​ព្រះ​សទ្ធម្ម​ដោយ​ចិត្ត ជឿ​ក្នុង​ផ្លូវ​វត្ត​ប្រដិបត្តិ បុគ្គល​នោះ​គង់​កាប់​កាត់​នូវ​កង​កិលេស​ប្រាស​ចាក​សោយ​សោក​រង​ទុក្ខ​ទោមនស្ស នឹង​ដល់​នូវ​ព្រះ​អរិយ​មគ្គ និង​ព្រះ​និព្វាន​ជា​ប្រាកដ បាន​ជា​តថាគត​ពោល​ថា​ស្ដាប់​ព្រះ​ធម៌​នេះ ជា​ប្រពៃ​គ្មាន​អ្វី​ជា​ប្រសើរ​លើស​ឈ្មោះ​ហៅថា សវនា នុត្តរិយ ជា​កិច្ច​ទី ២ ។
ភិក្ខវេ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ឯ​ណា​ក្នុង​លោក​នេះ​បាន​លាភ បាន​បុត្រ​ក្ដី ភរិយា​ក្ដី វត្ថុ​អ្វី​ក្ដី ទោះ​បី​វត្ថុ​នោះ​ឥត​វិញ្ញាណ​ក្ដី មាន​វិញ្ញាណ​ក្ដី ល្អ​ក្ដី តម្លៃ​វិសេស​ក្ដី ឬ​មាន​លាភ​បាន​ប្រសប់​គប់​នឹង​សមណ​នូវ​ព្រាហ្មណ៍​ដែល​ប្រព្រឹត្ត​បដិបត្តិ សុខ​ក្ដី សូម្បី​បុគ្គល​នោះ បាន​ប្រកប​ដោយ​លាភ ដូច្នេះ​ជា​មនុស្ស​ធូរ​ចាយ​សប្បាយ​ចិត្ត​ឥត​ទាស់ តថាគត​ក៏​មិន​យល់​ថា​ជា​ប្រពៃ​ចាត់​ទុក​ជា​លាភ​យ៉ាង​ទន់​ទាប​របស់​អ្នក​ស្រុក​បុថុជ្ជន មិន​មែន​ជា​លាភ​ព្រះ​អរិយ មិន​មែន​ជា​ប្រយោជន៍ ដើម្បី​នូវ​សេចក្ដី​នឿយ​ណាយ​ប្រាស​ចាក​កិលេស​ក្នុង​សន្ដាន​ឲ្យ​បាន​ដល់​នូវ​ព្រះ​និព្វាន ថា​បើ​បុគ្គល​ឯ​ណា​មាន​លាភ មាន​ភព្វ បាន​គប់​ភព្វ​ប្រសព្វ​នឹង​សម្ដេច ព្រះ​បរម​សាស្តា​ចារ្យ ឬ​សាវក​អង្គ​ឯ​ណា ហើយ​មាន​ចិត្ត​ជ្រះ​ថ្លា​ជឿ​ក្នុង​ផ្លូវ​សមា​បដិបត្តិ កម្ចាត់​កង​កិលេស គ្មាន​សេស​សល់​ប្រាស​ចាក​កង​ទុក្ខ​ទល់​ទោមនស្ស សោយ​សោក​បុគ្គល​នោះ​ចំពោះ​ថា​នឹង​បាន​អរិយ​មគ្គ​នូវ​ព្រះ​និព្វាន​ជា​ប្រាកដ តថាគត​ចាត់​ទុក​ជា​ប្រពៃ​គ្មាន​លាភ​អ្វី​ប្រសើរ​លើស​ឈ្មោះ​ហៅថា លាផា នុត្តរិយ ជា​កិច្ច​ទី ៣ ។
ភិក្ខវេ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ឯ​ណា​ក្នុង​លោក​នេះ​បាន​សិក្សា​នូវ​សិល្ប​សាស្ត្រ គឺ​សិក្សា​វិជ្ជា​ដំរី សិក្សា​វិជ្ជា​សេះ សិក្សា​វិជ្ជា​ធ្វើ​រថ សិក្សា​វិជ្ជា​ខាង​បាញ់ សិក្សា​វិជ្ជា​ហាត់​រៀន​អាវុធ​ទាំង​ពួង ឬ​មាន​តម្រិះ​ចេះ​ដឹង​សព្វ​សារពើ​ក្ដី ឬ​បាន​សិក្សា​ធម៌​ក្នុង​លទ្ធិ​សមណ​ព្រាហ្មណ៍ ដែល​បដិបត្តិ​សេចក្ដី​សុខ សូម្បី​បុគ្គល​នោះ បាន​លាភ​យស់​ខ្ពស់​មាំ​មួន ដោយ​ហេតុ​ដែល​បាន​ពី​ព្រោះ​វិជ្ជា​ផ្សេង​ៗ​នោះ​ក្ដី តថាគត​មិន​ទុក​ជា​ប្រពៃ ត្បិត​ឃើញ​ថា​ជា​ចំណេះ​ទន់​ទាប ជា​ចំណេះ​របស់​អ្នក​ស្រុក​បុថុជ្ជន​ក្រាស់​ដោយ​កិលេស​មិន​មែន​ជា​ចំណេះ​វិជ្ជា​របស់​ព្រះ​អរិយ មិន​មែន​ជា​កិច្ច​ប្រកប​ដោយ​ប្រយោជន៍​មិន​មែន​ជា​ទី​កម្ចាត់​កាត់​កម្ចាយ​កាម​កិលេស​ឲ្យ​ស្ដើង ។
បើ​បុគ្គល​ឯ​ណា​បាន​សិក្សា​នូវ សីល​សិក្ខា ចេត្ត​សិក្ខា បញ្ញា​សិក្ខា ឆ្លាត​ឆ្លុះ​ធ្លុះ​យល់​វិន័យ​ញេយ្យ​ធម៌​ទាំង​ពួង អាច​លលួង​កាត់​ចំណង​កង​កិលេស​ឲ្យ​រលត់ តថាគត​ពោល​ថា​ជា​កិច្ច សិក្សា​ដ៏​ប្រពៃ​គ្មាន​អ្វី​ប្រសើរ​ជាង រួច​នូវ​សេចក្ដី​ទុក្ខ​ទល់​កង្វល់ ទោមនស្ស​សោយ​សោក បាន​ដល់​ត្រូវ​ព្រះ​អរិយ​មគ្គ​នូវ​ព្រះ​និព្វាន ឈ្មោះ​ហៅថា សិក្ខា នុត្តរិយ ជា​កិច្ច​ទី ៤ ។
ភិក្ខុវេ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ឯ​ណា​ក្នុង​លោក​នេះ​ដែល​បាន​បម្រើ​បរម​ក្សត្រ​ខត្តិយ​ត្រកូល​ក្ដី ឬ​បាន​បម្រើ​សេនាបតី សេដ្ឋី​គហបតី នូវ​ជនានុជន​ធំ​តូច​ទាំង​ពួង​ក្ដី ឬ​បាន​បម្រើ​សមណ​នូវ​ព្រាហ្មណ៍​ដែល​ប្រព្រឹត្ត​ខុស​ទាស់​នឹង​ផ្លូវ​សមា​បដិបត្តិ​ក្ដី សូម្បី​បុគ្គល​នោះ​បាន​លាភ​យស​ឧត្ដម​ខ្ពស់​ព្រោះ​បម្រើ តថាគត​ក៏​មិន​សរសើរ​ថា​ជា​ប្រពៃ​ឃើញ​ថា​ជា​ផ្លូវ​បម្រើ​ដោយ​ទន់​ទាប ជា​របស់​អ្នក​ស្រុក​បុថុជ្ជន​ដែល​ធ្ងន់​ដោយ​កិលេស មិន​ជា​ផ្លូវ​បដិបត្តិ​របស់​ព្រះ​អរិយ មិន​ជា​ទី​រម្លត់​ទុក្ខ​ពោល​គឺ​ព្រះ​និព្វាន ។
តែ​ថា​បើ​បុគ្គល​ឯ​ណា មាន​ចិត្ត​ជ្រះ​ថ្លា​ស្នេហា​តថាគត និង​ព្រះ​សាវក​ដែល​ជា​សិស្សានុសិស្ស​តថាគត​ឯ​ណា ១ ហើយ​ចូល​មក​បម្រើ​ឲ្យ​ប្រើ​ជា​ឧបដ្ឋាក​ពុំ​គិត​លំបាក​នឿយ​កាយ​ខំ​ខ្វល់​ខ្វាយ ដើម្បី​បដិបត្តិ​យក​ពាក្យ​ប្រដៅ​កម្ចាត់​បង់​នូវ​ឧប​កិលេស កុំ​ឲ្យ​សេស​សល់​បាន​ដល់​ព្រះ​អរិយ​មគ្គ​នូវ​វិបត្តិ​ផុត​ចាក​ទុក្ខ​ទោមនស្ស​សោយ​សោក មាន​ព្រះ​និព្វាន​ជា​ទី​រម្លត់​ទុក្ខ តថាគត​ចាត់​ថា​ជា​កិច្ច​បម្រើ​ដ៏​ប្រពៃ គ្មាន​អ្វី​ប្រសើរ​លើស ឈ្មោះ​ថា បារិ​ចរិយា នុត្តរិយ ជា​កិច្ច​ទី ៥ ។
ភិក្ខវេ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ឯ​ណា​ក្នុង​លោក​នេះ​មាន​ចិត្ត​រឭក​ដល់​លាភ​ទាំង​ពួង គឺ​បុត្ត​ក្ដី ភរិយា​ក្ដី ទោះ​យោ​បី​វត្ថុ​នោះ​មាន​វិញ្ញាណ​ក្ដី ឥត​វិញ្ញាណ​ក្ដី ឬ​នឹក​រឭក​ដល់សមណៈ​នូវ​ព្រាហ្មណ៍ ដែល​ប្រព្រឹត្ត​គិត​ខុស ពុំ​ត្រង់​ត្រូវ​ជា​ផ្លូវ មិច្ឆាទិដ្ឋិក្ដី សូម្បី​បុគ្គល​នោះ​នឹក​ដល់​ហើយ​បាន​រំខាន​នាំ​មក​នូវ​សេចក្ដី​ក្សាន្ត​ចិត្ត​ឥត​កង្វល់ នោះ​តថាគត​ក៏​មិន​យល់​ថា​ជា​ប្រពៃ ឃើញ​ថា​ដែល​នឹក​រឭក​ដល់​ដូច្នេះ​នេះ​ជា​ធម្មតា អ្នក​ស្រុក​បុថុជ្ជន​ប្រកប​នូវ​កិលេស​ជា​កិច្ច​ដ៏​ទន់​ទាប មិន​ជា​កិច្ច​របស់​ព្រះ​អរិយ មិន​ជា​ទីកម្ចាត់​បង់​នូវ រាគៈ ទោសៈ មោហៈ បើ​បុគ្គល​ឯ​ណា​មាន​ចិត្ត​ជ្រះ​ថ្លា​ជឿ​ជាក់​ក្នុង​ព្រះ​សម្មា​សម្ពុទ្ធ ហើយ​មាន​មនោ​នឹក​រឭក​ដល់ ព្រះ​បរម ពុទ្ធា ទិគុណ នូវ​ព្រះ​សាវក ជា​អ្នក​ប្រព្រឹត្ត​ដោយ​ប្រពៃ​អ្នក​ប្រព្រឹត្ត​ដោយ​ប្រពៃ ត្រឹម​ត្រូវ ទើប​ចាត់​ជា​ផ្លូវ​សមា​សតិ​ដែល​នាំ​បញ្ញា​ឲ្យ​មុត​ថ្លា​អាច​កាប់​ឆ្ការ​រាគាទិ​កិលេស​គ្មាន​សល់ បាន​ដល់​នូវ​ព្រះ​អរិយ​មគ្គ មាន​ព្រះ​និព្វាន​ជា​បរិយា​សាន​បាន​នូវ​បរម​សុខ សេចក្ដី​ទុក្ខ​ទោមនស្ស​សោយ​សោក​ក៏​រលត់ តថាគត​ចាត់​ទុក​ថា​ជា​កិច្ច​ដ៏​ប្រសើរ គ្មាន​សេចក្ដី​ដែល​រឭក​នឹក​ដល់​អ្វី​ប្រពៃ​លើស ឈ្មោះ​ហៅ​ថា អនុស្សតា នុត្តរិយ ជា​កិច្ច​ទី ៦ ។
សម្ដេច​ព្រះ​ពិជិតមារ​ជា​អម្ចាស់ ទ្រង់​ត្រាស់​ទេសនា​ព្រះ​សូត្រ​នេះ​ចប់​កាល​ណា ទើប​ទ្រង់​សម្ដែង​នូវ​និគម​គាថា​ដូច្នោះ ត្រាស់​ជា​ធម្មជាតិ​ជា​បណ្ឌិត​ទាំងឡាយ​រមែង​ជា​ទស្សនាការ ដែល​ត្រូវ​ទស្សនា​ដ៏​ប្រពៃ​ដែល​គ្មាន​ធូលី​ប្រសើរ​លើស រមែង​សវនាការ​ស្ដាប់​សព្ទ​ដ៏​ប្រពៃ​ដែល​គ្មាន​អ្វី​ប្រសើរ​លើស រមែង​ស្វែង​លាភ​ដ៏​ប្រពៃ​ដែល​គ្មាន​អ្វី​ប្រសើរ​លើស រមែង​សិក្សា​នូវ​ធម៌​ដ៏​ប្រពៃ​ដែល​គ្មាន​ធម៌​ម្លប់​ដទៃ​មក​លាយ​ឡំ រមែង​នៅ​បម្រើ​បុគ្គល​ដ៏​គួរ​សម​បម្រើ ដែល​គ្មាន​អ្វី​ប្រសើរ​លើស រមែង​នឹក​រឭក​ដល់​បុគ្គល​ដ៏​គួរ រឭក​ដែល​គ្មាន​អ្វី​ប្រសើរ​លើស រមែង​រម្ងាប់​ដោយ​សេក្ដី​ស្ងប់​ស្ងាត់​ខំ​ច្រូត​កាត់​ឲ្យ​ដល់​នូវ អមត​មហា​និព្វាន ជា​បណ្ឌិត​រមែង​មាន​គិត​ណាស់​ក្នុង​សេចក្ដី​មិន​ប្រមាទ ជា​អ្នក​សង្រួម​នូវ​ឥន្ទ្រិយ​ប្រកប​ដោយ​នូវ សីល សមាធិ បញ្ញា បច្ចេន្តិ បាន​លុះ​នូវ​ធម៌​ជា​ទី​រំលត់​ទុក្ខ ។
ចប់​សេចក្ដី​ព្រះ​ពុទ្ធ​ដីកា អនុត្តរិយ​សុត្ត ដែល​ទ្រង់​សម្ដែង ។
នឹង​ថ្លែង​អធិប្បាយ​តាម​ក្រសែ​ព្រះ​បរម​ពុទ្ធោ​វាទ សូម​ពន្យល់​ថា នរ​ជាតិ​ជន​ឯ​ណា​ដែល​មាន​ចិត្ត​ជ្រះ​ថ្លា​ប្រាថ្នា​ឲ្យ​ដល់​នូវ​និព្វាន ហើយ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​មាន​ជា​ឧបនិស្ស័យ លុះ​តែ​ប្រកប​ដោយ អនុត្តរិយ ទាំង ៦ ប្រការ ហើយ​អាច​កាប់​ឆ្ការ​នូវ​កិលេស គ្មាន​សេស​សល់ ទើប​បាន​ដល់​នូវ​ព្រះ​និព្វាន តែ​ថា​បើ​មាន​សេចក្ដី​ប្រមាទ​មិន​ខំ​សង្វាត​លះ​ឲ្យ​ជ្រះ នូវ​កង​កិលេស ប្រហែស​ថា​ចាំ​ចាស់​សិន​សុំ​គិត​ធ្វើ​បង្ខំ បុគ្គល​ដែល​គ្មាន​អារម្មណ៍​ដូច្នេះ ឈ្មោះ​ហៅថា​ប្រមាទ ដ្បិត​កិលេស​គឺ រាគៈ ទោសៈ មោហៈ នេះ ដែល​នឹង​បាន​ស្គាល់​ស្រាល​ស្ដើង ក៏​ចំពោះ​តែ​បុគ្គល​ដែល​មាន​សតិ​សម្បជញ្ញៈ មាន​វិរិយៈ គឺ​ព្យាយាម​បន្ទោ​បង់មិន​បង្អង់​ថា​ថ្ងៃ​ណា បុគ្គល​ដែល​មាន​ឧស្សាហ៍ ដូច្នេះ ឈ្មោះ​ហៅថា​មាន​សេចក្ដី​មិន​ប្រមាទ ឯ​បុគ្គល​ដែល​បាន​ដល់​នូវ​ព្រះ​និព្វាន​ជា​ទី​បរម​សុខ​ដ៏​ប្រសើរ​នោះ ចំពោះ​មាន​តែ​បុគ្គល ៣ ជំពូក គឺ​សម្ដេច​ព្រះ​សម្មា​សម្ពុទ្ធ ១ ព្រះ​បច្ចេក​ពុទ្ធ ១ ព្រះ​អរិយ​សាវក​ព្រះ​ពុទ្ធ ១ លោក​ទាំង​អម្បាល​នេះ​សុទ្ធ​តែ​ធ្លាប់​បាន គឺ​ព្យាយាម​កោស​រូស​នូវ​លិលេស គឺ​រាគៈ ទោសៈ មោហៈ ជា​អនេក​ជាតិ​ទើប​បាន​សម្រេច​មគ្គ​ផល​បាន​ដល់​នូវ​ព្រះ​និព្វាន នឹង​បាន​ធ្វើ​តែ​ម្ដង​បាន​ក៏​ទេ ហេតុ​នេះ​គួរ​តែ​ពួក​ពុទ្ធសាសនិក​ជន ដែល​ជឿ​ជាក់​ក្នុង​ព្រះ​បវរ​ពុទ្ធ​សាសនា ហើយ​មាន​ប្រាថ្នា​ឲ្យ​រួច​ចាក​ទុក្ខ​ទាំង​ពួង គួរ​ខំ​ធ្វើ​សីល សមាធិ បញ្ញា​ឲ្យ​ហ្មត់​ចត់ ទើប​បាន​រលត់​ផុត​ចាក​ទុក បើ​ថា​ពុំ​អាច​ធ្វើ​ខ្លួន​ឲ្យ​មាន​ឧបនិស្ស័យ​ជា​អរិយ​បុគ្គល ឬសេចក្ដី​ទុក្ខ​ទាល់​ទោមនស្ស​ឧបទ្ទវន្តរាយ រមែង​មាន​ដល់​កាយ មិន​ចេះ​ផុត បាន​ជា​ស្ដេច​ព្រះ​សុគត​ទ្រង់​ត្រាស់​ថា បើ​នរជាតិ​ជន​ឯ​ណា​បដិបត្តិ​តាម​ពុទ្ធសាសនោវាទ ពុំ​លម្អៀង​បុគ្គល​នោះ ជា​ទៀង​នឹង​បាន​បរម​សុខ គឺ​ព្រះ​និព្វាន​ដ៏​មហា​ប្រសើរ ពណ៌នា​មក​ជា​សង្ខិត​កថា ដោយ​សង្ខេប​តែ​ប៉ុណ្ណេះ ។

ไม่มีความคิดเห็น:

แสดงความคิดเห็น