អនុត្តរិយសុត្ត


ពណ៌នាប្រារព្ធ
អនុត្តរិយសុត្ត នេះ ជាពុទ្ធដីកា អញខ្ញុំបានឃើញបែបបុរាណបណ្ឌិតលោកប្រែមកអំពីមគធភសា ប្រែជាប្រយោគមានបាលីផង សម្រាយផងចម្រុះគ្នា ដែលលោកតែងមកដូច្នេះនោះ ក៏ជាការប្រពៃ ដើម្បីឲ្យអ្នកបរិយត្តិស្គាល់ប្រយោគ តែអញខ្ញុំយល់ឃើញថាដែលបុរាណាចារ្យលោកតែងមកនោះ ចំពោះដល់តែអ្នករៀនឲ្យយល់សព្ទ មិនជាទីសណ្ដាប់ដល់អ្នកដែលមិនរៀនព្រះត្រៃបិដក ហេតុនេះទើបអញខ្ញុំយកមករៀបរៀងទៀតជាសម្រាយស្មោះ ដើម្បីឲ្យអស់សាធុជនបុរស-ស្ត្រីដែលមិនស្ទាត់បាលី មើលយកសេចក្ដីបានដោយងាយ ទើបបញ្ជូនរឿងនេះមកទុកជាសម្បត្តិក្នុងព្រះរាជបណ្ណាល័យ ជាទីទស្សនាការបណ្ដាជនានុជន ដែលមកប្រជុំសន្និបាតមើលរឿងផ្សេង ៗ ដើម្បីបម្រុងសតិបញ្ញាឲ្យជ្រះថ្លា ក្នុងព្រះបវរពុទ្ធសាសនា តទៅ ។
សទ្វារសោនាមុបាសកោ
អនុត្តរិយសុត្ត
អង្គុត្តរនិកាយ ឆក្កនិបាត
នមោតស្សភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
អញខ្ញុំសូមនមស្សការ សម្ដេចព្រះដ៏ទ្រង់ព្រះភាគដែលទ្រង់ឆ្ងាយចាកកិលេសហើយ ត្រាស់ជ្រាបនូវញេយ្យធម៌ទាំងពួងដោយព្រះអង្គឯង ។
សូមសម្ដែង អនុត្តរិយសុត្ត សឹងមានវារព្រះបាលីថា ឯវម្មេ សុត្តំ ឯកំ សមយំ ភគវា ជាដើម អត្ថាធិប្បាយប្រែស្រាយជាសេចក្ដីថា មានកាលសម័យថ្ងៃ ១ សម្ដេចព្រះបរមលោកនាថសាស្តាចារ្យទ្រង់គង់សម្រាន្តឥរិយាបថ ក្នុងព្រះជេតវនដ៏ជាអារាម អនាថបណ្ឌិតគហបតីសាងថ្វាយទៀបព្រះនគរសាវត្ថី សម័យនោះសម្ដេចព្រះបរមជិនស្រីទ្រង់មានព្រះពុទ្ធតម្រាស់ប្រារព្ធនឹងភិក្ខុទាំងឡាយថា ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ កិច្ចគឺ អនុត្តរិយ មាន ៦ ប្រការដែលគ្មានកិច្ចដទៃប្រពៃលើសជាកិច្ចអ្វីខ្លះនោះទេ ៖
១- កិច្ចមើលឃើញអ្វី ដែលជាប្រពៃក្រៃលែង មើលវត្ថុផងទាំងពួង
២- ស្ដាប់អ្វីដែលជាប្រពៃក្រៃលែង សំឡេងផងទាំងពួង
៣- បានរបស់ដែលជាប្រពៃក្រៃលែង បានវត្ថុផងទាំងពួង
៤-សិក្សាអ្វី ដែលជាប្រពៃក្រៃលែង ផ្លូវសិក្សាទាំងពួង
៥- បម្រើអ្វីដែលជាប្រពៃក្រៃលែង ឬបុគ្គលផងទាំងពួង
៦- សេចក្ដីរឭកនឹកដល់អ្វីដែលជាប្រពៃក្រៃលែង រឭកដល់វត្ថុទាំងពួង
កាលសម្ដេចព្រះពុទ្ធអង្គទ្រង់មានព្រះតម្រាស់ ដោយឧទ្ទេសដូច្នេះហើយ ទើបទ្រង់សម្ដែងឲ្យច្បាស់ត្រចះភ្លឺ វិសជ្ជនា ជាវិត្ថារ ពិស្ដារថាដូច្នេះ ៖
ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯណាក្នុងលោកនេះ បានទស្សនាមើលឃើញវត្ថុទាំងពួង គឺដំរីកែវ សេះកែវ ដួងកែវមណី នូវវត្ថុដ៏ឧត្ដមវិសេសខ្ពស់ ដែលជាចម្លែក ប្លែកភ្នែក គួរត្រេកត្រអាលក្ដី ឬមើលឃើញសមណព្រាហ្មណ៍ ដែលប្រព្រឹត្តិប្រតិបត្តិខុសក្ដី ឬ ល្បែងទាំងពួងក្ដី សូម្បីបុគ្គលបានមើលឃើញទាំងលំបាកនេះ ហើយមានសោមនស្សមនោរម្យ រីករាយសប្បាយចិត្តដែលបានមើលឃើញដូច្នេះ តថាគតមិនទុកថាបានមើលឃើញដោយប្រពៃ ចាត់ទុកថាបានមើលឃើញដោយទន់ទាប ជារបស់អ្នកស្រុកបុថុជ្ជន ញ៉ាំងកិលេសឲ្យក្រាស់ មិនជារបស់អរិយ មិនជាកិច្ចប្រកបនូវប្រយោជន៍ មិនប្រព្រឹត្តទៅនូវសេចក្ដីរលត់នូវសេចក្ដីរលត់នូវកិលេសមានរាគជាដើម មិនជាទីត្រាស់ដឹង មិនជាទីរលត់ ឲ្យប្រាសចាកកងទុក្ខ នូវព្រះនិព្វាន ។
បើបុគ្គលឯណាមានចិត្តចង់មើលចង់ឃើញ ដោយសេចក្ដីជ្រះថ្លាសេ្នហានិងតថាគតនូវសាវកតថាគត បុគ្គលនោះឈ្មោះហៅថាមានកិច្ចបានឃើញដោយប្រពៃ ព្រោះហេតុដែលជ្រះថ្លាជឿជាក់ក្នុងគុណព្រះពុទ្ធ នូវគុណព្រះអរិយសាវក នោះនឹងនាំឲ្យមានសទ្ធាពុះពារកាប់កាត់ នូវកងកិលេសប្រាសចាកសន្ដាន មិនបានសោយសោកទុក្ខទោមនស្ស និងបានដល់នូវអរិយមគ្គ នូវព្រះនិព្វានជាទីបរមសុខសូន្យចាកទុក្ខ តថាគតចាត់ទុកជាកិច្ចបានឃើញដោយប្រពៃ គ្មានអ្វីប្រសើរលើសឈ្មោះហៅថា ទស្សនា នុត្តរិយ ជាកិច្ចទី ១ ។
ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯណាក្នុងលោកនេះបានសវនាការស្ដាប់សព្ទសំឡេងផងទាំងពួងមាន សំឡេងច្រៀងនូវតូរ្យតន្ត្រីជាដើម ទោះបីបុគ្គលនោះស្ដាប់សព្ទសំឡេងយ៉ាងឯកពីរោះចម្លែកប្លែក ត្រចៀកក្ដី ឬ ស្ដាប់ពាក្យសមណព្រាហ្មឯណាដែលបដិបត្តិខុសពុំត្រឹមត្រូវក្ដី សូម្បីបុគ្គលនោះបានស្ដាប់សព្ទសម្លេងទាំងអម្បាលនេះ ត្រេកត្រអាល សោមនស្សស្រស់រីករាយសប្បាយជាបំផុត តថាគតមិនចាត់ថាជាប្រពៃ ចាត់ទុកជាសេចក្ដីបានស្ដាប់ដោយទន់ទាប ជារបស់អ្នកស្រុកបុថុជ្ជនដ៏ក្រាស់ទៅដោយកិលេស មិនជារបស់ព្រះអរិយ មិនជាកិច្ចដ៏ប្រកបដោយប្រយោជន៍ មិនជាទីប្រព្រឹត្តទៅឲ្យនឿយណាយ កាត់កម្ចាយកងកិលេស បានដល់នូវព្រះនិព្វានជាទីបរមសុខដ៏ប្រសើរ ។
តែថាបើបុគ្គលឯណាមានចិត្តជ្រះថ្លាប្រុងផ្ចង់តម្រង់ចិត្តស្ដាប់របស់ព្រះសទ្ធម្មគឺព្រះពុទ្ធវចនៈនូវសាវកសុភាសិត ជាពាក្យសិស្សព្រះសម្មាសម្ពុទ្ធ តថាគតចាត់ទុកថាជាកិច្ច ដែលស្ដាប់ដោយប្រពៃ ដ្បិតបុគ្គលដែលមានសេចក្ដីចង់ស្ដាប់ចាប់ចិត្តចាំចងត្រងរសព្រះសទ្ធម្មដោយចិត្ត ជឿក្នុងផ្លូវវត្តប្រដិបត្តិ បុគ្គលនោះគង់កាប់កាត់នូវកងកិលេសប្រាសចាកសោយសោករងទុក្ខទោមនស្ស នឹងដល់នូវព្រះអរិយមគ្គ និងព្រះនិព្វានជាប្រាកដ បានជាតថាគតពោលថាស្ដាប់ព្រះធម៌នេះ ជាប្រពៃគ្មានអ្វីជាប្រសើរលើសឈ្មោះហៅថា សវនា នុត្តរិយ ជាកិច្ចទី ២ ។
ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯណាក្នុងលោកនេះបានលាភ បានបុត្រក្ដី ភរិយាក្ដី វត្ថុអ្វីក្ដី ទោះបីវត្ថុនោះឥតវិញ្ញាណក្ដី មានវិញ្ញាណក្ដី ល្អក្ដី តម្លៃវិសេសក្ដី ឬមានលាភបានប្រសប់គប់នឹងសមណនូវព្រាហ្មណ៍ដែលប្រព្រឹត្តបដិបត្តិ សុខក្ដី សូម្បីបុគ្គលនោះ បានប្រកបដោយលាភ ដូច្នេះជាមនុស្សធូរចាយសប្បាយចិត្តឥតទាស់ តថាគតក៏មិនយល់ថាជាប្រពៃចាត់ទុកជាលាភយ៉ាងទន់ទាបរបស់អ្នកស្រុកបុថុជ្ជន មិនមែនជាលាភព្រះអរិយ មិនមែនជាប្រយោជន៍ ដើម្បីនូវសេចក្ដីនឿយណាយប្រាសចាកកិលេសក្នុងសន្ដានឲ្យបានដល់នូវព្រះនិព្វាន ថាបើបុគ្គលឯណាមានលាភ មានភព្វ បានគប់ភព្វប្រសព្វនឹងសម្ដេច ព្រះបរមសាស្តាចារ្យ ឬសាវកអង្គឯណា ហើយមានចិត្តជ្រះថ្លាជឿក្នុងផ្លូវសមាបដិបត្តិ កម្ចាត់កងកិលេស គ្មានសេសសល់ប្រាសចាកកងទុក្ខទល់ទោមនស្ស សោយសោកបុគ្គលនោះចំពោះថានឹងបានអរិយមគ្គនូវព្រះនិព្វានជាប្រាកដ តថាគតចាត់ទុកជាប្រពៃគ្មានលាភអ្វីប្រសើរលើសឈ្មោះហៅថា លាផា នុត្តរិយ ជាកិច្ចទី ៣ ។
ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯណាក្នុងលោកនេះបានសិក្សានូវសិល្បសាស្ត្រ គឺសិក្សាវិជ្ជាដំរី សិក្សាវិជ្ជាសេះ សិក្សាវិជ្ជាធ្វើរថ សិក្សាវិជ្ជាខាងបាញ់ សិក្សាវិជ្ជាហាត់រៀនអាវុធទាំងពួង ឬមានតម្រិះចេះដឹងសព្វសារពើក្ដី ឬបានសិក្សាធម៌ក្នុងលទ្ធិសមណព្រាហ្មណ៍ ដែលបដិបត្តិសេចក្ដីសុខ សូម្បីបុគ្គលនោះ បានលាភយស់ខ្ពស់មាំមួន ដោយហេតុដែលបានពីព្រោះវិជ្ជាផ្សេងៗនោះក្ដី តថាគតមិនទុកជាប្រពៃ ត្បិតឃើញថាជាចំណេះទន់ទាប ជាចំណេះរបស់អ្នកស្រុកបុថុជ្ជនក្រាស់ដោយកិលេសមិនមែនជាចំណេះវិជ្ជារបស់ព្រះអរិយ មិនមែនជាកិច្ចប្រកបដោយប្រយោជន៍មិនមែនជាទីកម្ចាត់កាត់កម្ចាយកាមកិលេសឲ្យស្ដើង ។
បើបុគ្គលឯណាបានសិក្សានូវ សីលសិក្ខា ចេត្តសិក្ខា បញ្ញាសិក្ខា ឆ្លាតឆ្លុះធ្លុះយល់វិន័យញេយ្យធម៌ទាំងពួង អាចលលួងកាត់ចំណងកងកិលេសឲ្យរលត់ តថាគតពោលថាជាកិច្ច សិក្សាដ៏ប្រពៃគ្មានអ្វីប្រសើរជាង រួចនូវសេចក្ដីទុក្ខទល់កង្វល់ ទោមនស្សសោយសោក បានដល់ត្រូវព្រះអរិយមគ្គនូវព្រះនិព្វាន ឈ្មោះហៅថា សិក្ខា នុត្តរិយ ជាកិច្ចទី ៤ ។
ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯណាក្នុងលោកនេះដែលបានបម្រើបរមក្សត្រខត្តិយត្រកូលក្ដី ឬបានបម្រើសេនាបតី សេដ្ឋីគហបតី នូវជនានុជនធំតូចទាំងពួងក្ដី ឬបានបម្រើសមណនូវព្រាហ្មណ៍ដែលប្រព្រឹត្តខុសទាស់នឹងផ្លូវសមាបដិបត្តិក្ដី សូម្បីបុគ្គលនោះបានលាភយសឧត្ដមខ្ពស់ព្រោះបម្រើ តថាគតក៏មិនសរសើរថាជាប្រពៃឃើញថាជាផ្លូវបម្រើដោយទន់ទាប ជារបស់អ្នកស្រុកបុថុជ្ជនដែលធ្ងន់ដោយកិលេស មិនជាផ្លូវបដិបត្តិរបស់ព្រះអរិយ មិនជាទីរម្លត់ទុក្ខពោលគឺព្រះនិព្វាន ។
តែថាបើបុគ្គលឯណា មានចិត្តជ្រះថ្លាស្នេហាតថាគត និងព្រះសាវកដែលជាសិស្សានុសិស្សតថាគតឯណា ១ ហើយចូលមកបម្រើឲ្យប្រើជាឧបដ្ឋាកពុំគិតលំបាកនឿយកាយខំខ្វល់ខ្វាយ ដើម្បីបដិបត្តិយកពាក្យប្រដៅកម្ចាត់បង់នូវឧបកិលេស កុំឲ្យសេសសល់បានដល់ព្រះអរិយមគ្គនូវវិបត្តិផុតចាកទុក្ខទោមនស្សសោយសោក មានព្រះនិព្វានជាទីរម្លត់ទុក្ខ តថាគតចាត់ថាជាកិច្ចបម្រើដ៏ប្រពៃ គ្មានអ្វីប្រសើរលើស ឈ្មោះថា បារិចរិយា នុត្តរិយ ជាកិច្ចទី ៥ ។
ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯណាក្នុងលោកនេះមានចិត្តរឭកដល់លាភទាំងពួង គឺបុត្តក្ដី ភរិយាក្ដី ទោះយោបីវត្ថុនោះមានវិញ្ញាណក្ដី ឥតវិញ្ញាណក្ដី ឬនឹករឭកដល់សមណៈនូវព្រាហ្មណ៍ ដែលប្រព្រឹត្តគិតខុស ពុំត្រង់ត្រូវជាផ្លូវ មិច្ឆាទិដ្ឋិក្ដី សូម្បីបុគ្គលនោះនឹកដល់ហើយបានរំខាននាំមកនូវសេចក្ដីក្សាន្តចិត្តឥតកង្វល់ នោះតថាគតក៏មិនយល់ថាជាប្រពៃ ឃើញថាដែលនឹករឭកដល់ដូច្នេះនេះជាធម្មតា អ្នកស្រុកបុថុជ្ជនប្រកបនូវកិលេសជាកិច្ចដ៏ទន់ទាប មិនជាកិច្ចរបស់ព្រះអរិយ មិនជាទីកម្ចាត់បង់នូវ រាគៈ ទោសៈ មោហៈ បើបុគ្គលឯណាមានចិត្តជ្រះថ្លាជឿជាក់ក្នុងព្រះសម្មាសម្ពុទ្ធ ហើយមានមនោនឹករឭកដល់ ព្រះបរម ពុទ្ធា ទិគុណ នូវព្រះសាវក ជាអ្នកប្រព្រឹត្តដោយប្រពៃអ្នកប្រព្រឹត្តដោយប្រពៃ ត្រឹមត្រូវ ទើបចាត់ជាផ្លូវសមាសតិដែលនាំបញ្ញាឲ្យមុតថ្លាអាចកាប់ឆ្ការរាគាទិកិលេសគ្មានសល់ បានដល់នូវព្រះអរិយមគ្គ មានព្រះនិព្វានជាបរិយាសានបាននូវបរមសុខ សេចក្ដីទុក្ខទោមនស្សសោយសោកក៏រលត់ តថាគតចាត់ទុកថាជាកិច្ចដ៏ប្រសើរ គ្មានសេចក្ដីដែលរឭកនឹកដល់អ្វីប្រពៃលើស ឈ្មោះហៅថា អនុស្សតា នុត្តរិយ ជាកិច្ចទី ៦ ។
សម្ដេចព្រះពិជិតមារជាអម្ចាស់ ទ្រង់ត្រាស់ទេសនាព្រះសូត្រនេះចប់កាលណា ទើបទ្រង់សម្ដែងនូវនិគមគាថាដូច្នោះ ត្រាស់ជាធម្មជាតិជាបណ្ឌិតទាំងឡាយរមែងជាទស្សនាការ ដែលត្រូវទស្សនាដ៏ប្រពៃដែលគ្មានធូលីប្រសើរលើស រមែងសវនាការស្ដាប់សព្ទដ៏ប្រពៃដែលគ្មានអ្វីប្រសើរលើស រមែងស្វែងលាភដ៏ប្រពៃដែលគ្មានអ្វីប្រសើរលើស រមែងសិក្សានូវធម៌ដ៏ប្រពៃដែលគ្មានធម៌ម្លប់ដទៃមកលាយឡំ រមែងនៅបម្រើបុគ្គលដ៏គួរសមបម្រើ ដែលគ្មានអ្វីប្រសើរលើស រមែងនឹករឭកដល់បុគ្គលដ៏គួរ រឭកដែលគ្មានអ្វីប្រសើរលើស រមែងរម្ងាប់ដោយសេក្ដីស្ងប់ស្ងាត់ខំច្រូតកាត់ឲ្យដល់នូវ អមតមហានិព្វាន ជាបណ្ឌិតរមែងមានគិតណាស់ក្នុងសេចក្ដីមិនប្រមាទ ជាអ្នកសង្រួមនូវឥន្ទ្រិយប្រកបដោយនូវ សីល សមាធិ បញ្ញា បច្ចេន្តិ បានលុះនូវធម៌ជាទីរំលត់ទុក្ខ ។
ចប់សេចក្ដីព្រះពុទ្ធដីកា អនុត្តរិយសុត្ត ដែលទ្រង់សម្ដែង ។
នឹងថ្លែងអធិប្បាយតាមក្រសែព្រះបរមពុទ្ធោវាទ សូមពន្យល់ថា នរជាតិជនឯណាដែលមានចិត្តជ្រះថ្លាប្រាថ្នាឲ្យដល់នូវនិព្វាន ហើយប្រព្រឹត្តខ្លួនឲ្យមានជាឧបនិស្ស័យ លុះតែប្រកបដោយ អនុត្តរិយ ទាំង ៦ ប្រការ ហើយអាចកាប់ឆ្ការនូវកិលេស គ្មានសេសសល់ ទើបបានដល់នូវព្រះនិព្វាន តែថាបើមានសេចក្ដីប្រមាទមិនខំសង្វាតលះឲ្យជ្រះ នូវកងកិលេស ប្រហែសថាចាំចាស់សិនសុំគិតធ្វើបង្ខំ បុគ្គលដែលគ្មានអារម្មណ៍ដូច្នេះ ឈ្មោះហៅថាប្រមាទ ដ្បិតកិលេសគឺ រាគៈ ទោសៈ មោហៈ នេះ ដែលនឹងបានស្គាល់ស្រាលស្ដើង ក៏ចំពោះតែបុគ្គលដែលមានសតិសម្បជញ្ញៈ មានវិរិយៈ គឺព្យាយាមបន្ទោបង់មិនបង្អង់ថាថ្ងៃណា បុគ្គលដែលមានឧស្សាហ៍ ដូច្នេះ ឈ្មោះហៅថាមានសេចក្ដីមិនប្រមាទ ឯបុគ្គលដែលបានដល់នូវព្រះនិព្វានជាទីបរមសុខដ៏ប្រសើរនោះ ចំពោះមានតែបុគ្គល ៣ ជំពូក គឺសម្ដេចព្រះសម្មាសម្ពុទ្ធ ១ ព្រះបច្ចេកពុទ្ធ ១ ព្រះអរិយសាវកព្រះពុទ្ធ ១ លោកទាំងអម្បាលនេះសុទ្ធតែធ្លាប់បាន គឺព្យាយាមកោសរូសនូវលិលេស គឺរាគៈ ទោសៈ មោហៈ ជាអនេកជាតិទើបបានសម្រេចមគ្គផលបានដល់នូវព្រះនិព្វាន នឹងបានធ្វើតែម្ដងបានក៏ទេ ហេតុនេះគួរតែពួកពុទ្ធសាសនិកជន ដែលជឿជាក់ក្នុងព្រះបវរពុទ្ធសាសនា ហើយមានប្រាថ្នាឲ្យរួចចាកទុក្ខទាំងពួង គួរខំធ្វើសីល សមាធិ បញ្ញាឲ្យហ្មត់ចត់ ទើបបានរលត់ផុតចាកទុក បើថាពុំអាចធ្វើខ្លួនឲ្យមានឧបនិស្ស័យជាអរិយបុគ្គល ឬសេចក្ដីទុក្ខទាល់ទោមនស្សឧបទ្ទវន្តរាយ រមែងមានដល់កាយ មិនចេះផុត បានជាស្ដេចព្រះសុគតទ្រង់ត្រាស់ថា បើនរជាតិជនឯណាបដិបត្តិតាមពុទ្ធសាសនោវាទ ពុំលម្អៀងបុគ្គលនោះ ជាទៀងនឹងបានបរមសុខ គឺព្រះនិព្វានដ៏មហាប្រសើរ ពណ៌នាមកជាសង្ខិតកថា ដោយសង្ខេបតែប៉ុណ្ណេះ ។